កម្លាំងជំនាញ អាវុធហត្ថខេត្តកែប បង្ក្រាបករណី រក្សាទុកអាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ៥នាក់
កែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប និងបានសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពតដើម្បីឆែកឆេរកន្លែងស្នាក់នៅ។

នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានចុះបង្ក្រាបករណី បាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជនជាតិចិនចំនួន៣នាក់(ស្រី១) និងជនជាតិខ្មែរចំនួន២នាក់(ស្រី១) និងវត្ថុតាងមានអាវុធវែង ខ្លី រួចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីសាកសួរ រកប្រភពអាវុធ និងដើម្បីកសាងសំណុំរឿងដែលតាមអនុវត្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) រួមជាមួយវត្ថុតាងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកែបចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកជនទាំងបាន៤នាក់ទៀតលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានអនុញ្ញាតអប់រំ និងអោយពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។





