Feature

នគរបាលខេត្តស្ទឹងត្រែង បេីកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនល្មើស៣៤នាក់

ស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញមុខជនសង្ស័យសរុបចំនួន ៣៤នាក់ (ស្រី ១នាក់)  ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់នៅតាមគោលដៅចំនួន ៨កន្លែង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍ និងការថ្លែងឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សារីបុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង ថា ប្រតិបត្តិការបង្ក្រាបក្រុមសង្គមងងឹតទាំងនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់បទបញ្ជាផ្ទាល់ពី ឯកឧត្ដមសរសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ត់ចត់ពី លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ជាលទ្ធផលនៃប្រតិបត្តិការចំនួន ៦ករណី លើ ៨គោលដៅនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣៤នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងសារធាតុញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងចំណោមជនសង្ស័យទាំង ៣៤នាក់ រួមមាន៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖ ចំនួន ៣នាក់ (ស្រី ១នាក់), ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ចំនួន ១នាក់, ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៣០នាក់។

លោកឧត្តមសេនីយ៍ទោស្នងការ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមស្វែងរកបក្សពួក និងប្រភពដើមដែលជាប់ពាក់ព័ន្ធ ដើម្បីនាំខ្លួនយកមកអនុវត្តនីតិវិធីច្បាប់ជាធរមាន ដោយមិនលើកលែងឡើយ។

ជាមួយគ្នានេះដែរ លោកសរសុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ការបង្ក្រាបក្រុមជនល្មើសគ្រឿងញៀនទាំងសំបុកនេះ គឺជាការឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត ក្នុងមូលដ្ឋានរស់នៅ៕

To Top