ព័ត៌មានជាតិ

លោក ហួត ហាក់៖ ក្នុងបរិបទប្រកួតប្រជែងទេសចរណ៍ ក្នុងតំបន់​កាន់តែខ្លាំង យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមលើសក្តានុពលមានស្រាប់

ភ្នំពេញ៖​ លោក ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលការប្រកួតប្រជែង ទេសចរណ៍នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​​ អញ្ជើញប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៦-២០៣០​» ដែលជាខេត្តគោលដៅទី៥ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានកត់សម្គាល់ថា ខេត្តព្រះសីហនុ បានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ចំណែកឯ សោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយមានការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបដ៏លេចធ្លោ ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាង​នាគ» រូបសំណាក «ខ្មែរធ្វើបាន» និងរូបសំណាក «នាគបាញ់ទឹក» ជាដើម ដែលពិតជាបានរួមចំណែក​ បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តី បានបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏​ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផល ដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។ ទន្ទឹមនេះ ខេត្តក៏មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍខេត្ត​ ឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រ កម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ហួត ហាក់ គូសបញ្ជាក់ថា នៅក្នុងបរិបទដែលការប្រកួតប្រជែង ទេសចរណ៍នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តព្រះសីហនុ អាច​​ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត សំដៅបន្តរក្សាបាននូវភាព ប្រកួតប្រជែងរបស់ខ្លួន ជាមួយគោលដៅទេសចរណ៍សំខាន់ៗ ក្នុងតំបន់ និង​សកលលោកបាន​។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងថា វិស័យទេសចរណ៍ មានចរិកលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួម ឱ្យបានស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» អាស្រ័យហេតុនេះ​ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការទាំង៦ ពោល​គឺជាការចូលរួម ដោយភាពសកម្ម, បុរេសកម្ម, អន្តរសកម្ម (និងពេលខ្លះ ប្រតិកម្ម) ពីក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល ការប្រមូលផ្តុំជាសហថាមពល ពីវិស័យឯកជន ក្នុងស្រុក និង បរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers KoLs និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ទាំងខ្មែរ និងបរទេសដែលស្រឡាញ់កម្ពុជា ។

សូមបញ្ជាក់ថា «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៦-២០៣០​» ដែលជាខេត្តគោលដៅទី៥ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តព្រះសីហនុ​ ជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្ដមភាពប្រកួតប្រជែងទាំងក្នុងក្រប​ខ័ណ្ឌ​តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលទីក្រុងធំទីពីរ របស់ប្រទេសកម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

To Top