Feature

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បង្ហាញស្នាដៃការងារ ៩ខែ ឆ្នាំ២០២៦ នឹងត្រៀមទម្លាក់ថវិកាបន្ថែមពន្លឿនការអភិវឌ្ឍន៍មូលដ្ឋាន

បន្ទាយមានជ័យ៖ មុខមាត់ជនបទខេត្តបន្ទាយមានជ័យបានប្រែប្រួលជាវិជ្ជមានយ៉ាងឆាប់រហ័ស ក្រោមស្នាដៃដឹកនាំដ៏សកម្មរបស់ថ្នាក់ដឹកនាំក្រសួងនិងមន្ទីរ ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយ:ពេល៩ខែឆ្នាំ២០២៦ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានបញ្ជាក់ថា ការអនុវត្តកម្មវិធីអាទិភាពទាំង៥ សម្រេចបានលទ្ធផលខ្ពស់គួរឱ្យកត់សម្គាល់ រួមមាន៖ ពិពិធកម្មសេដ្ឋកិច្ច ៨៨.៣%, រដ្ឋបាលឌីជីថល ៨២.៥%, ហេដ្ឋារចនាសម្ព័ន្ធ ៧៧.៦៨%, ទឹកស្អាតនិងអនាម័យ ៦៧.៦%, និងសហគមន៍ភូមិគំរូ ៥៩.៧%។

វឌ្ឍនភាពដ៏លឿនរហ័សនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោក ឃ្លោក ណួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយលោកបានចាត់ទុកសមិទ្ធផលទាំងនេះជាសក្ខីភាពនៃការផ្លាស់ប្តូរមុខមាត់ជនបទខេត្តបន្ទាយមានជ័យ ឱ្យមានការរីកចម្រើនយ៉ាងពិតប្រាកដ និងគួរឱ្យមោទនភាពជាទីបំផុត។

ឆ្លើយតបចំពោះវឌ្ឍនភាពដ៏ត្រចះត្រចង់នេះ លោក ភួង សោភា បានប្តេជ្ញាបង្កើនកញ្ចប់ថវិកា និងបច្ចេកទេសបន្ថែមភ្លាមៗ ដើម្បីធានាថាគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយចំគោលដៅ សំដៅរួមចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល៕

អត្ថបទ: ប៊ុន សំណាង / ដើមអម្ពិល

To Top