ព័ត៌មានអន្តរជាតិ

វិបត្តិអំណាច ៖ រដ្ឋសភាអាមេរិក បោះឆ្នោតកម្រិតសិទ្ធិលោក ត្រាំ ក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ ជាលើកទី៣

បរទេស ៖​ កាលពីថ្ងៃអង្គារ រដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយ ដែលតម្រូវឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ។ ចំណាត់ការនេះ គឺជាការបញ្ជូនសារនយោបាយ ស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរទៅកាន់រដ្ឋបាលរបស់លោក ជុំវិញការចាត់ចែងសង្គ្រាម ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងចូលមកដល់ក្នុងពេលត្រឹមតែប៉ុន្មានសប្តាហ៍ខាងមុខ នេះបើយោងតាមការចេញផ្សាយពី​ CNN នៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០២៦ ។

នេះគឺជាលើកទី៣ ហើយ ដែលរដ្ឋសភា (ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងមានការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនតូច) បានចេញបញ្ជាឱ្យលោក ត្រាំ ដកកងទ័ពចេញពីអ៊ីរ៉ង់ ។ ប៉ុន្តែ គណបក្សប្រជាធិបតេយ្យបានលើកឡើងថា ការបោះឆ្នោតលើកនេះគឺ ជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់បំផុតរបស់ពួកគេ ដោយសារវាជាការបោះឆ្នោតចុងក្រោយមួយរបស់សភា មុនពេលការបោះឆ្នោតខែវិច្ឆិកាចូលមកដល់។

សមាជិកគណបក្សសាធារណរដ្ឋ ចំនួន ៧ រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដែលចំនួននេះកើនឡើង បើធៀបនឹងសំឡេងគាំទ្រត្រឹមតែ ៤ រូប លើសេចក្តីសម្រេចពីរលើកមុន។ តាមផ្លូវការ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋក្នុងរដ្ឋសភា មិនបានដាក់សម្ពាធ លើសមាជិករបស់ខ្លួនឱ្យបោះឆ្នោតគាំទ្រ ឬប្រឆាំងឡើយ លើសេចក្តីសម្រេចប្រភេទនេះ។ យ៉ាងណាមិញ លោក ត្រាំ ផ្ទាល់បានរិះគន់យ៉ាងខ្លាំង ចំពោះសមាជិកបក្សសាធារណរដ្ឋណា ដែលបោះឆ្នោតប្រឆាំងនឹងរូបលោកជុំវិញបញ្ហានេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា លោកចាត់ទុកការបោះឆ្នោតនេះជាការស្ទាបស្ទង់មើលពីភាពស្មោះត្រង់ និងការគាំទ្រចំពោះរូបលោក។

កិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយ របស់សភាអាមេរិក ក្នុងការទប់ស្កាត់អំណាចយោធារបស់លោក ត្រាំ នៅអ៊ីរ៉ង់ បានបញ្ចប់ក្នុងស្ថានភាពដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ ដំបូងឡើយ មានសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋគ្រប់គ្រាន់បានបោះឆ្នោតអនុម័តសេចក្តីសម្រេចនេះ ប៉ុន្តែជាលទ្ធផល សម្ពាធពីសេតវិមានបានបង្ខំឱ្យសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមួយរូប ផ្លាស់ប្តូរសេចក្តីសម្រេចចិត្ត (ប្តូរការបោះឆ្នោត) របស់ខ្លួនវិញ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើព្រឹទ្ធសភានឹងទទួលបានសំឡេងឆ្នោត​គ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីសម្រេចនេះម្តងទៀតឬយ៉ាងណា ប៉ុន្តែគណបក្សប្រជាធិបតេយ្យមានគម្រោងនឹងព្យាយាមរុញច្រានការបោះឆ្នោតនេះម្តងទៀតនៅចុងសប្តាហ៍នេះ។

នៅក្រៅវិមានសភា (Capitol) ឯណោះវិញ អ្នកបោះឆ្នោតអាមេរិកកាន់តែមានមន្ទិលសង្ស័យចំពោះភាពតានតឹងនៅអ៊ីរ៉ង់ ដោយប្រជាជនប្រមាណ ៦៧% បាននិយាយថា ការសម្រេចចិត្តរបស់លោក ត្រាំ លើប្រតិបត្តិការយោធានៅអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន CNN កាលពីរដូវក្តៅ។ ស្របពេលជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងសាជាថ្មី ដោយបច្ចុប្បន្នប្រេងម៉ាស៊ូតមានតម្លៃជាង ៦ ដុល្លារក្នុងមួយហ្គាឡុង (gallon)។

ពេញមួយឆ្នាំ២០២៦ នេះ គណបក្សប្រជាធិបតេយ្យបានចំណាយពេលយ៉ាងច្រើនក្នុងការដាក់សម្ពាធឱ្យសមាជិកគណបក្សសាធារណរដ្ឋ បង្ហាញជំហរជាផ្លូវការ​របស់ខ្លួនជុំវិញភាពតានតឹងរបស់រដ្ឋបាលនេះជាមួយអ៊ីរ៉ង់ ដែលសកម្មភាពយោធានេះ បានក្លាយជា “សង្គ្រាមឯកបក្ស” លើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។

ប្រែសម្រួល៖ គីរី

To Top