សម្តេចធិបតី មិនអនុញ្ញាតឱ្យបើកអាជីវកម្ម កាស៊ីណូនៅសៀមរាប
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាល់ការស្នើសុំអាជ្ញាបណ្ណពីអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ដើម្បីបើកកាស៊ីណូនៅខេត្តសៀមរាប គឺមិនអនុញ្ញាតឱ្យជាដាច់ខាត។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ហើយសម្បូរណ៍ទៅដោយ សម្បត្តិបេតិកភណ្ឌពិភពលោកនោះ គឺមិនអនុញ្ញាតឱ្យបើកអាជីវកម្មកាស៊ីណូទេ ។ សម្តេចធិបតីបន្តថា ការណ៍ដែលសម្តេច អះអាងបែបនេះ ដោយសារនៅតែមានក្រុមអ្នក វិនិយោគស្នើសុំអាជ្ញាបណ្ណបើកកាសស៊ីណូ នៅសៀមរាបជាបន្តបន្ទាប់ ។
សម្តេចធិបតីបញ្ជាក់ថា “មានអ្នកខ្លះចង់សុំ License (អាជ្ញាបណ្ណ) កាស៊ីណូនៅសៀមរាប ដាច់ខាតតាំងពីសម្តេចតេជោមក រដ្ឋាភិបាលថ្មីដែលខ្ញុំដឹកនាំ ដាច់ខាតមិនឱ្យមានអាជ្ញាបណ្ណកាស៊ីណូណានៅសៀមរាបទេ ។ អត់មានទេ ។ ចឹងកុំមកសុំអាជ្ញាបណ្ណកាស៊ីណូនៅខេត្តសៀមរាប” ។
ប៉ុន្តែទោះបីជាយ៉ាងសម្តេចធិបតីសង្កត់ធ្ងន់ថា ចំពោះខេត្តសៀមរាបនេះ ក៏មិនហាមឃាត់រាល់ការបើកអាជីវវកម្មផ្សេងៗនោះទេ ។ តួយ៉ាង បើមានការស្នើសុំអាជ្ញាបណ្ណ សាងសង់សណ្ឋាគារ សម្រាប់បម្រើភ្ញៀវទេសចរជាតិ-អន្តរជាតិ គឺអនុញ្ញាតឱ្យភ្លាមៗតែម្តង តែចំពោះកាស៊ីណូគឺ មិនអនុញ្ញាតជាដាច់ខាត ព្រោះខេត្តសៀមរាបជាខេត្តបេតិកភណ្ឌរបស់កម្ពុជា ។ ដូច្នេះត្រូវថែរក្សាទំនៀមទំលាប់ប្រពៃណី ដែលមានតាំងពីបុរាណកាលមក ។
សម្តេចធិបតីគូបញ្ជាក់ថា រាល់ការស្នើសុំបើកអាជីវកម្មកាស៊ីណូនេះ នៅតែបន្តមានអ្នកមកស្នើសុំរហូតមកដល់សព្វថ្ងៃនេះ ទោះបីជាមានការបដិសេធតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី ។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ទៀតថា ល្បែងស៊ីសង់ភ្នាល់ចាក់លុយក្រោមរូបភាពផ្សេងគឺរាជរដ្ឋាភិបាលបានប្រកាសផ្អា្កកហើយ ៕
