Feature

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត « ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»

កំពង់ចាម៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»។

ពិធីនេះបានប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងលោក លោកស្រី តំណាងអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូន ប្រតិបត្តិករទេសចរណ៍, សហគមន៍ទេសចរណ៍ យុវជន ស.ស.យ.ក. និងអ្នកផលិតមាតិកាព័ត៌មានប្រមាណជា ៣០០នាក់។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលដ៏គួរជាទីមោទនៈ ដែលខេត្តកំពង់ចាមសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងជាពិសេសវិស័យទេសចរណ៍។ ពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ផ្លូវថ្នល់ ស្ពាន សួនច្បារ ប្រព័ន្ធអគ្គិសនី ទឹកស្អាត ព្រមទាំងការរៀបចំសណ្ដាប់ធ្នាប់ និងកែលម្អសោភ័ណភាពទីក្រុង ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់។

សមិទ្ធផលទាំងនេះ មិនត្រឹមតែបានលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងពង្រីកការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ បង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់ការធ្វើធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពផងដែរ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦសានផងដែរ។

To Top