ព័ត៌មានជាតិ

សម្តេចធិបតី ៖ ភាពជោគជ័យ វិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន និងរីកចម្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រ ដែលបើកនោះឡើយ ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា រោងចក្រផ្គុំដំឡើងរថយន្តថ្មីនេះ ជាការវិនិយោគ និងគ្រប់គ្រងប្រតិបត្តិការដោយកូនខ្មែរ ១០០% ដោយមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងទម្រង់ CKD (Completely Knocked Down) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ព្រមទាំងបានបង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន ២៥០ នាក់។

សម្តេចធិបតីបន្តថា វត្តមាននៃរោងចក្រនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្ម វិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម (ពឹងផ្អែកលើកម្លាំងពលកម្ម) ទៅជាឧស្សាហកម្ម ដែលប្រើប្រាស់មូលធន, បច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់។

សម្តេចធិបតីសង្កត់ធ្ងន់ថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម មិនមែនអាស្រ័យទៅលើការវាស់វែងតែលើចំនួនរោងចក្រដែលបានបើកដំណើរការនោះទេ ប៉ុន្តែ ស្ថិតនៅលើសមត្ថភាពរស់រាន រីកចម្រើន, ភាពធន់ និងចីរភាពរបស់រោងចក្រទាំងនោះ ។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំដល់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យលើការរក្សានូវតុល្យភាព និងសមាមាត្ររវាងតម្រូវការទីផ្សារក្នុងស្រុក និងចំនួនរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងគោលដៅធានាដល់ការរីកចម្រើន នៃរោងចក្រដែលមានស្រាប់ ដែលជាការធានានូវបរិស្ថានវិនិយោគ និងការរក្សាទំនុកចិត្ត របស់វិនិយោគិនបរទេសចំពោះកម្ពុជា ។

សម្ដេចធិបតីបន្ថែមទៀតថា ការដាក់ចេញគោលនយោបាយ និងការអនុគ្រោះពន្ធនានា គឺសំដៅគាំទ្រដល់ «វិស័យទាំងមូល» មិនមែនផ្តល់ការអនុគ្រោះដោយឡែកសម្រាប់ក្រុមហ៊ុនណាមួយនោះឡើយ និងសំដៅធានាបរិយាកាសធុរកិច្ចដែលមានតម្លាភាព, យុត្តិធម៌ និងការប្រកួតប្រជែងស្មើភាព៕

To Top