Feature

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសបង្រួញនីតិវិធី បណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃ ចំពោះមន្រ្តីរូបណា មានសារធាតុញៀន

តាកែវ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសបង្រួញ នីតិវិធីបណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃប៉ុណ្ណោះ ចំពោះករណីរកឃើញមន្រ្តី មានសារធាតុញៀន ។

ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នៅភូមិសាស្ត្រខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «ដូចកាលកន្លងទៅថ្មីៗនេះ មានរងប៉ុស្តិ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានបើកឡានបុក។ អាបើកឡានបុករឿងមួយ ប៉ុន្តែដល់ពេលធ្វើតេស្តទៅមានសារធាតុញៀន។ អញ្ចឹងហើយ ស្នងការ ក៏បានរៀបចំនីតិវិធីនានា ដើម្បីស្នើសុំក្នុងការដាក់ទោសទណ្ឌកម្ម ឬបណ្ដេញចេញ។ ខ្ញុំគិតថា អានឹងមិនចាំបាច់នីតិវិធីច្រើនទេ បើឃើញសារធាតុញៀនហើយ គឺបណ្ដេញចេញតែម្ដង។ អញ្ចឹងកាត់បន្ថយនីតិវិធី ក្នុងការធ្វើសំណើស្អីៗម៉េចឲ្យបានលឿនបំផុត»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ឥឡូវយើងដឹងហើយ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឲ្យតែមានគ្រឿងញៀន សារធាតុញៀនក្នុងខ្លួន ត្រូវតែបណ្ដេញចេញពីក្របខណ្ឌ។ អានឹងច្បាស់ហើយ។ អារឿងបុកគេ អានឹងទូទាត់សំណងបន្ទាប់។ បន្ទាប់មកដាក់ទោសទណ្ឌនៅក្នុងវិស័យកងកម្លាំង អានេះជារឿងមួយ។ ប៉ុន្តែបើមានសារធាតុញៀនក្នុងខ្លួនហើយ វាមិនត្រូវទុកដល់ពេលយើងត្រូវបណ្ដេញចេញ ត្រូវការរៀបចំនីតិវិធី»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា នីតិវិធី បើធ្វើតាមធម្មតាយ៉ាងទិច ២សប្ដាហ៍។ លោក គិតថា «អត់អាចទៅរួចទេ»។ ត្រូវបង្រួញនីតិវិធីបណ្ដេញចេញ ពីក្របខណ្ឌនៅសល់មួយថ្ងៃបានហើយ៕

To Top