ចិន ជំរុញឱ្យហ្វីលីពីន គោរពគោលការណ៍ ចិនតែមួយ តាមរយៈសកម្មភាពជាក់ស្តែង
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា ភាគីចិន បានជំរុញឱ្យហ្វីលីពីនគោរពគោលការណ៍ «ចិនតែមួយ» តាមរយៈសកម្មភាពជាក់ស្តែង និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងចិន និងហ្វីលីពីន។
លោក Guo Jiakun ដែលជាអ្នកនាំពាក្យ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា អាជ្ញាធរតៃវ៉ាន់ មានគម្រោងបង្កើត «ការិយាល័យតំណាង» មួយនៅក្នុងខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន ដែលនឹងដើរតួជាវេទិកា សម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅតាមរយៈ «ច្រករបៀងសេដ្ឋកិច្ចតៃវ៉ាន់-ហ្វីលីពីន»។
លោកបានបន្ថែមថា ទោះបីជាអាជ្ញាធរនៃគណបក្ស Democratic Progressive Party (DPP) សហការជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរក «របកគំហើញផ្នែកការទូត» និងជំរុញរបៀបវារៈនៃការបំបែកខ្លួនរបស់ពួកគេក្នុងទម្រង់ណាក៏ដោយ ក៏ការប៉ុនប៉ងទាំងនោះនឹងឥតប្រយោជន៍ ហេីយនឹងត្រូវបរាជ័យជាស្ថាពរ៕
ប្រែសម្រួល ឈូក បូរ៉ា
