លោក ដូណាល់ ត្រាំ ថ្លែងដោយសង្ឃឹមថា ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជិតមកដល់ហើយ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកសង្ឃឹមថា ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជិតមកដល់ហើយ ខណៈដែលជម្លោះនេះបានអូសបន្លាយ ចូលដល់ខែទី ៧ និងកាន់តែមានភាពតានតឹងឡើង ដោយសារយន្តហោះរបស់អារ៉ាប៊ីសាអូឌីត បានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសយេម៉ែន ហើយក្រុមឧទ្ទាមហ៊ូទី (Houthi) ក៏បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) និងមីស៊ីល វាយប្រហារទៅលើទីក្រុងនានារបស់អារ៉ាប៊ីសាអូឌីតផងដែរ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ការវាយលុកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន តាមបណ្តោយសមុទ្រក្រហម និងការវាយប្រហាររបស់ពួកគេទៅលើអារ៉ាប៊ីសាអូឌីត រួមទាំងការវាយប្រហារ ដែលបង្កការខូចខាតដល់បំពង់បង្ហូរប្រេង ពីភាគខាងកើតទៅភាគខាងលិចរបស់អារ៉ាប៊ីសាអូឌីតនោះ បានពង្រីកឥទ្ធិពលរបស់ទីក្រុង តេអេរ៉ង់នៅក្នុងសង្គ្រាមនេះ និងបង្កើនហានិភ័យ ដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។
នៅពេលដែលសង្គ្រាមនេះរីករាលដាលទៅកាន់តំបន់ប្រយុទ្ធថ្មីមួយទៀត សហរដ្ឋអាមេរិកបានរឹតបន្តឹងការព្រមានអំពីការធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ដោយហាមឃាត់មិនឱ្យបុគ្គលិករដ្ឋាភិបាលធ្វើដំណើរក្នុងចម្ងាយ ២០ ម៉ាយល៍ (៣០ គីឡូម៉ែត្រ) ពីព្រំដែនយេម៉ែន។
ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នារវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីត លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា៖ «យើងសង្ឃឹមថា យើងកំពុងឈានទៅរកការបញ្ចប់សង្គ្រាមនេះហើយ»។
