Feature

រដ្ឋបាលក្រុងសិរីសោភ័ណ្ឌ ប្រារព្ធទិវាសម្អាតពិភពលោក លើកកម្ពស់បរិស្ថាន និងសុខមាលភាពពលរដ្ឋក្នុងសហគមន៍

បន្ទាយមានជ័យ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ្ឌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំសហការី សហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាសម្អាតពិភពលោក (World Cleanup Day) នៅក្រុងសិរីសោភ័ណ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរលើកិច្ចការផ្ដល់សេវាសាធារណៈ ការការពារបរិស្ថាន និងការលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដាស់តឿន និងបំផុសស្មារតីប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យមកចូលរួមសំអាតទន្លេ សម្អាតបរិស្ថាន និងប្រមូលសំរាមគ្រប់ប្រភេទ និងសំណល់ប្លាស្ទិក នៅតាមទីសាធារណៈ ក្នុងគោលដៅរួមគ្នាថែរក្សាសោភ័ណភាពក្រុង និងអនាម័យក្នុងមូលដ្ឋាន។

កម្មវិធីនេះបានផ្ដល់សារប្រយោជន៍យ៉ាងធំធេងក្នុងការធានាបាននូវប្រភពទឹកស្អាត បង្កើតបរិស្ថានរស់នៅដ៏ស្អាតស្អំ មានសុវត្ថិភាព និងជួយជំរុញឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រមទាំងជួយអភិវឌ្ឍក្រុងសិរីសោភ័ណ្ឌឱ្យក្លាយជាទីក្រុងបៃតង ប្រកបដោយភាពទាក់ទាញ និងចីរភាពពិតប្រាកដ៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top