Feature

រដ្ឋមន្ត្រីអប់រំ ៖ កំណែទម្រង់ការអប់រំមិនមែនជាកិច្ចការ ដែលអាចសម្រេចបានរយៈពេលខ្លីនោះទេ ត្រូវមានភាពអត់ធ្មត់

ភ្នំពេញ ៖ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលេចថា កំណែទម្រង់ការអប់រំមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ដោយទាមទារនូវភាពអត់ធ្មត់ និងការតស៊ូព្យាយាម។

ការលើកឡើងរបស់ នាឱកាសអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញក្នុង «កិច្ចពិភាក្សាគោលនយោបាយតំបន់អាហ្វ្រិក PISA ឆ្នាំ២០២៥ ផ្នែកការរៀនសូត្ររវាងប្រទេសជាដៃគូនៃ PISA» (PISA Peer Learning) ដែលរៀបចំឡើងដោយអង្គការ OECD សហការជាមួយក្រសួងអប់រំនៃសាធារណរដ្ឋរវ៉ាន់ដានាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីដំណើរការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដែលបានចាប់ផ្ដើមអនុវត្តរបៀបវារៈកំណែទម្រង់ជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងប្រកបដោយចីរភាពនេះ តាមរយៈការវាយតម្លៃ PISA ចន្លោះឆ្នាំ២០១៨ និង២០២៥ សិស្សកម្ពុជាអាយុ ១៥ឆ្នាំ សម្រេចបានកំណើនពិន្ទុយ៉ាងគួរឱ្យកត់សម្គាល់ ដោយពិន្ទុផ្នែកវិទ្យាសាស្ត្រកើនឡើង ៥២ពិន្ទុ គណិតវិទ្យាកើនឡើង ៤១ពិន្ទុ និងការអានកើនឡើង ២៦ពិន្ទុ។

សមិទ្ធផលនេះគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងកែលម្អរចនាសម្ព័ន្ធអប់រំជាច្រើន រួមមាន៖ ការកើនឡើងនៃអត្រាចូលរៀននៅកម្រិតមត្តេយ្យសិក្សា ការពង្រីកការអប់រំកម្រិតមធ្យមសិក្សាដែលបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សយ៉ាងច្រើនបន្ថែមទៀតបានចូលរៀន ព្រមទាំងការដំឡើងប្រាក់បៀវត្សគ្រូបង្រៀនប្រមាណ ៣ដង ដើម្បីទាក់ទាញ និងរក្សាទុកធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។
បន្ថែមលើនេះ កម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងការវាយតម្លៃ ត្រូវតែដើរទន្ទឹមគ្នាដោយផ្លាស់ប្ដូរពីការទន្ទេញចាំ ទៅជាការអប់រំផ្អែកលើសមត្ថភាព និងការគិតបែបវិភាគ អមដោយការបញ្ចូល STEM និងបច្ចេកវិទ្យាឌីជីថល ដោយធានាថាគុណភាព និងសមធម៌ត្រូវតែដើរទន្ទឹមគ្នា ដើម្បីឱ្យសិស្សជួបការលំបាកក៏ទទួលបានការរីកចម្រើនក្នុងបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព និងអាហាររូបត្ថម្ភ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធជាមួយសាធារណរដ្ឋរវ៉ាន់ដា និងប្រទេសដៃគូ OECD។ ជាមួយគ្នានេះ លោក បានរំលេចថា «កំណែទម្រង់ការអប់រំមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ដោយទាមទារនូវភាពអត់ធ្មត់ ការតស៊ូព្យាយាម ជាពិសេសការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់តាំងពីកម្រិតថ្នាក់ជាតិរហូតដល់អាជ្ញាធរដែនដី គ្រូបង្រៀន មាតាបិតា និងសហគមន៍ ដើម្បីប្រែក្លាយភស្តុតាងទៅជាសកម្មភាពជាក់ស្ដែង និងធានាថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌»៕

To Top