ទូតចិន៖ ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាប្រឈមរួម ដែលសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេស ឡានឆាង-មេគង្គ កំពុងជួបប្រទះ
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាប្រឈមរួម ដែលសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេស ឡានឆាង-មេគង្គ កំពុងជួបប្រទះ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បញ្ជាក់ថា «ភាគីចិន រីករាយក្នុងការសហការជាមួយបណ្តាប្រទេសមេគង្គ រួមទាំងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បង្កើតបរិយាកាសមតិសាធារណៈដ៏ស្អាតស្អំ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង ចិន-កម្ពុជា ក៏ដូចជាសាមគ្គីភាពកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេស ឡានឆាង-មេគង្គ និងដើម្បីរួមចំណែក ឡានឆាង-មេគង្គ ដល់ការកែលម្អ អភិបាលកិច្ចសកលលោក»។
ជាមួយគ្នានេះ លោក វ៉ាង វិនពីន បានសម្ដែងការ អបអរសាទរ ចំពោះការរៀបចំ វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦»ដោយជោគជ័យ៕
