ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញពិនិត្យ រៀបចំប្រព័ន្ធធារាសាស្ត្រ នៃស្ថានីយបូមទឹកហ៊ុនសែនទី១៥ ក្នុងស្រុកព្រៃឈរ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីទំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងរៀបចំស្ថានីយបូមទឹកហ៊ុនសែនទី ១៥ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ មានទឹកប្រើប្រាស់ស្រោចស្របដំណាំបានគ្រប់គ្រាន់ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ក្រុមការងារបានពិនិត្យទៅលើ ការចងក្រងសហគមន៍ប្រើប្រាស់ទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្រ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងឃុំសំរោងទាំងមូល នៃស្រុកព្រៃឈរ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយការរៀបចំនេះដែរ ជំហានទី១ មានផ្ទៃដីប្រមាណជា ៩០០ ហិចតា និងជំហានទី២ អាចបន្តទៅដល់ស្រុកជើងព្រៃ ដូច្នេះវិសាលភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់ឲ្យប្រជាពលរដ្ឋបង្ករបង្កើនផល ក្នុងផែនការរួមប្រមាណជាជាង ២ម៉ឺន ហិចតា ។

លោកអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងទៀតថា ដើម្បីឈានទៅសម្រេចផែនការរួម យើងត្រូវតែរៀបចំប្រភពទឹកឱ្យបានរឹងមាំ ដែលមានវិសាលភាពធំទូលាយ អាចស្តុបទឹកបានច្រើន ដែលយកមកពីទន្លេមេគង្គ ទើបអាចបន្តបញ្ជូនទឹកទៅប្រើប្រាស់ស្រោចស្របលើផ្ទៃដីប្រមាណជាង ២ ម៉ឺន ហិចតា នោះបាន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀត
ថា ចំពោះស្ថានីយ៍បូមទឹកហ៊ុនសែនទី ១៥ នឹងត្រូវរៀបចំកែប្រែពីដំណើរការម៉ាស៊ីន ដោយចាក់ប្រេង ទៅជាការប្រើប្រាស់ម៉ាស៊ីន ដើរដោយថាមពលពន្លឺព្រះអាទិត្យវិញ ដើម្បីសន្សំសំចៃចំណាយ កាត់បន្ថយថ្លៃដើម។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យរៀបចំប្រព័ន្ធប្រើប្រាស់ទឹកនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញពិនិត្យផលដំណាំ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះផងដែរ ៕
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

