ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទស្អែកនេះ ឈរលើគោលការណ៍ «ចេះគឺជាប់»
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបូរណភាពដែនដី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទស្អែកនេះ ចំនួន៨០នាក់សម្រាប់បម្រើការនៅវរសេនាតូចនគរបាលការពារព្រំដែនគោក។

ការប្រឡងនេះប្រព្រឹត្តទៅក្រោមគោលការណ៍ “ចេះគឺជាប់” យ៉ាងម៉ឺងម៉ាត់ ដោយធានាបាននូវតម្លាភាព និងយុត្តិធម៌ចំពោះពលរដ្ឋគ្រប់រូប។ គណៈកម្មការប្រឡង និងក្រុមការងារបានកំណត់លក្ខខណ្ឌយ៉ាងតឹងរឹងលើកាយសម្បទា សុខភាព សីលធម៌ និងកម្រិតវប្បធម៌ ដើម្បីធានាជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ។

ដំណើរការប្រឡងប្រកបដោយតម្លាភាពនេះ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការធនធានមនុស្សដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផុសស្មារតីស្នេហាជាតិដល់យុវជន និងបានផ្តល់នូវឱកាសប្រកួតប្រជែងដោយស្មើភាពគ្នាដើម្បីចូលរួមបម្រើ និងការពារសន្តិភាពជូនជាតិមាតុភូមិផងដែរ៕

អត្ថបទ: ប៊ុន សំណាង /Dap News

