រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ។

ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតីពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនការផ្សព្វផ្សាយអប់រំ និង ពង្រឹងការអនុវត្ត ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន ទាក់ទងនឹងអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹក ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និង បង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកល អូសទាញ ឬបោកបញ្ឆោតផ្សេងៗ ដូចជា ៖ ការបោកបញ្ឆោតរៀបការ ឬការសន្យាផ្តល់ការងារធ្វើ ដែលមានប្រាក់កម្រៃ ខ្ពស់ខុសពីធម្មតា ដែលជាល្បិចកល នាំឱ្យស្ត្រីធ្លាក់ ក្នុងអន្ទាក់នៃការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការ នៅក្រៅប្រទេសដោយខុសច្បាប់។

ពីវេទិកាអធិបតី ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើន និងការបន្តពង្រឹងតួនាទីយ៉ាងសកម្ម របស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់ ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យសម្រេចបានផែនការរៀបចំស្រ្តី ឱ្យទទួលបានមុខតំណែងដឹកនាំនិងថ្នាក់ដឹងនាំ យ៉ាងហោចណាស់ មានស្រ្តីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន គ្រប់អង្គភាពចំណុះតាមឋានានុក្រម។

បើតាមប្រមុខក្រសួងមហាផ្ទៃ វត្តមានស្រ្តីក្នុងមុខតំណែងនេះ ហើយដែលជាផ្នែកមួយសំខាន់មិនអាចខ្វះបាន សម្រាប់ការឈានទៅពង្រឹងឱ្យបានបេសកកម្ម ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ៕


