រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន នឹងមកកម្ពុជា ក្នុងសប្តាហ៍នេះ
ភ្នំពេញ ៖ លោកLord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងអញ្ជើញមក កម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ស្ថានទូតព្រីតថេន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។
ស្ថានទូតបន្តថា ក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ របស់ព្រីតថេន មកកាន់កម្ពុជា នឹងចូលរួមជាមួយដៃ គូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន ក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះ នៅកម្ពុជា។
បើតាមការផ្សព្វផ្សាយរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ ។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក ។
ស្ថានទូតបញ្ជាក់ទៀតថា ការរួមគ្នារវាងព្រីតថេន និងកម្ពុជា អាចរំខានដល់ដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធអនឡាញ៕
