Feature

លោក ប៉ែន បូណា ៖ ក្រុមប្រឆាំងមិន ដែលជួយការពារ ទឹកដីកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមួយក្តាប់តូច មិនដែលបានជួយការពារទឹកដី ពីការឈ្លានពានពីសំណាក់យោធាថៃនោះទេ ប៉ុន្តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃទៅវិញ ។

ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដោយសារមានក្រុមប្រឆាំងជ្រុលនិយម មួយចំនួនពីក្រៅប្រទេស បន្តចោទ ប្រកាន់ខុសការពិត អំពីដំណើរការនៃការដោះស្រាយ វិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ ។

ចំពោះការចោទប្រកាន់នេះលោក ប៉ែន បូណា តាមរយៈសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦បានបញ្ជាក់គោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។

លោកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជាជំនួសវិញ។

អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈការងារការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។

លោកបន្ថែមថា “ការពិតជាក់ស្តែងនេះ គឺមិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ”។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលចំពោះពាក្យសំដីរបស់ក្រុមប្រឆាំងស្រែកថា កម្ពុជាបាត់បង់ទឹកដីទៅឱ្យភាគីថៃនោះ មានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាងកម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ ៕

To Top