លោក ប៉ែន បូណា ៖ ក្នុងតួនាទីជាអ្នកនាំពាក្យ នាំការពិតទៅកាន់ពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល
តាកែវ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងតួនាទីជាមន្ត្រីព័ត៌មាន និងនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញជាអធិបតី និងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។

លោក ប៉ែន បូណា បន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងសាងឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងមានទំហំធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបាន ហើយសមិទ្ធផលទាំងនេះបានមកពីការលះបង់ និងបញ្ញាញាណ។ ដូច្នេះ ការផ្សព្វផ្សាយដើម្បីនាំការពិតឱ្យប្រជាពលរដ្ឋបានដឹងគ្រប់ជ្រុងជ្រោយ គឺជាការងាររបស់យើងទាំងអស់គ្នាដែលត្រូវធ្វើឱ្យបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល រម្លឹកថា ខេត្តតាកែវមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ តាកែវល្បីល្បាញដោយសារបង្កងឆ្ងាញ់ ពងទាកូនឆ្ងាញ់ សិប្បកម្មតម្បាញ និងមានតំបន់ទេសចរណ៍វប្បធម៌ដ៏ទាក់ទាញជាច្រើននេះជាអ្វីដែលយើងត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវរំលេចអំពីមេឃុំគំរូ មន្ត្រីដែលបម្រើប្រជាពលរដ្ឋបានល្អ និងសមត្ថកិច្ចដែលសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋផងដែរ៕
