ព័ត៌មានជាតិ

ចិនបណ្តេញឧត្តមសេនីយ៍ជាន់ខ្ពស់ពីររូបចេញពីបក្ស និងជួរកងទ័ព ដោយចោទប្រកាន់ពីបទមិនស្មោះត្រង់ និងពុករលួយ

បរទេស៖ យោងតាមសេចក្តីប្រកាសជាផ្លូវការមួយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រទេសចិនបានបណ្តេញមេដឹកនាំយោធាជាន់ខ្ពស់ពីររូប គឺលោក Zhang Youxia និង លោក Liu Zhenli ចេញពីបក្សកុម្មុយនីស្ត និងជួរកងទ័ព ដោយចោទប្រកាន់ពីបទមិនស្មោះត្រង់ អំពើពុករលួយ និងការរំលោភបំពានលើវិន័យធ្ងន់ធ្ងរផ្សេងទៀត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Zhang គឺជាមេដឹកនាំលំដាប់ទីពីរក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ក្នុងនាមជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) ដែលជាស្ថាប័នបញ្ជាការកំពូល ហើយលោកត្រូវបានគេមើលឃើញជាយូរមកហើយថាជាសម្ព័ន្ធមិត្តយោធាដ៏ជិតស្និទ្ធបំផុតរបស់លោក Xi Jinping ផងដែរ ។ ចំណែកលោក Liu គឺជាសមាជិកនៃគណៈកម្មការយោធាមជ្ឈិម (CMC) និងជាប្រធានសេនាធិការនៃនាយកដ្ឋានសេនាធិការរួមរបស់ស្ថាប័ននេះ។

ការស៊ើបអង្កេតលើលោក Zhang និងលោក Liu ត្រូវបានប្រកាសនៅខែមករា ហើយអ្នកទាំងពីរត្រូវបានដកចេញពីគណៈកម្មការយោធាមជ្ឈិមរបស់រដ្ឋនៅចុងខែសីហា។

សូមជម្រាបថា ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ ២០១២ មក លោក Xi បានបើកយុទ្ធនាការបង្ក្រាបអំពើពុករលួយ និងរឹតបន្តឹងវិន័យដ៏ទូលំទូលាយបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប។

មនុស្សរាប់លាននាក់នៅក្នុងប្រព័ន្ធរដ្ឋបាលដ៏ធំធេងរបស់ចិនត្រូវបានស៊ើបអង្កេតក្នុងកម្រិតផ្សេងៗគ្នា ខណៈដែលមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីគណបក្ស រដ្ឋាភិបាល និងជួរកងទ័ព ត្រូវបានរកឃើញថាមានកំហុស និងត្រូវបានបណ្តេញចេញពីតំណែង។

ប្រែសម្រួលៈ ណៃ តុលា

To Top