Feature

សហជីពធំៗនៅកម្ពុជា ជំរុញឱ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលកំពុងធ្វើយុទ្ធនាការរឿងប្រាក់ឈ្នួលគួរធ្វើយុទ្ធនាការទាមទារ​ប្រាក់ឈ្នួល​នៅស្រីលង្កា បង់ក្លាដេសជាដើមឲ្យមានប្រាក់ខែខ្ពស់ស្មើកម្ពុជា

ភ្នំពេញ៖ តំណាងសហជីពធំៗនៅកម្ពុជា បានចេញ​មុខស្នើ​សុំយ៉ាង​ទទូចដល់​អង្គការ​សង្គម​ស៊ីវិល និងអង្គការអន្តរជាតិមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាឱ្យឡើងដល់ ២៥០ ដុល្លារអាមេរិក ឱ្យជួយបង្វែរ​គោល​ដៅ​ទៅធ្វើយុទ្ធនាការទាមទារនៅបណ្តាប្រទេសផ្សេងៗវិញដូចជា ប្រទេសបង់ក្លាដេស និងស្រីលង្កាជាដើម។

ការស្នើនេះ គឺដោយសារតែប្រទេសទាំងនោះបច្ចុប្បន្ន មានកម្រិតប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជានៅឡើយ​។ ដូច្នេះបើអង្គការ​ទាំងនោះ​មានបំណងចង់ជួយដល់កម្មករនិយោជិតពិតប្រាកដមែន គួរតែជួយជំរុញ​ឱ្យប្រាក់ឈ្នួល​នៅប្រទេស​ទាំងនោះ​ឡើង​ខ្ពស់​ប្រហាក់​ប្រហែល​នឹង​កម្ពុជា ដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពកម្មករនិយោជិតក្នុងតំបន់ដោយស្មើភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងការរិះគន់ចំៗទៅលើសកម្មភាពរបស់ក្រុមសង្គមស៊ីវិលទាំងនោះយ៉ាងដូច្នេះថា​ ប្រសិនបើ​សង្គមស៊ីវិល និងអង្គការអន្តរជាតិទាំងនោះ ពិតជាមានបំណងចង់ជួយ​លើកកម្ពស់ជីវភាពកម្មករដោយបេះដូងបរិសុទ្ធមែននោះ គួរតែជួយទៅធ្វើយុទ្ធនាការនៅប្រទេសបង់ក្លាដេស ឬស្រីលង្កា ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា។

លោកបន្តថា ការមកប្រមូលផ្តុំទាមទារតួលេខមួយតាមតែចិត្តនឹកឃើញនៅកម្ពុជា ដោយគ្មានការសិក្សាស្រាវជ្រាវ ឬមានភស្តុតាងវិទ្យាសា​ស្ត្រ​ណា​មួយ​​មកបញ្ជាក់ឱ្យបានច្បាស់លាស់ គឺជារឿងមិនត្រឹមត្រូវឡើយ។ ប្រសិនបើពួកគាត់មិនអា​ចបង្ហាញរបាយ​ការណ៍សិ​ក្សាជាក់​លាក់ជុំវិញ​តួ​លេខ​នេះទេ វាស្តែងឱ្យឃើញយ៉ាងច្បាស់ថា ពួកគេកំពុងមានរបៀបវារៈ ឬចេតនាអាក្រក់មកលើស្ថេរភាពសេដ្ឋកិច្ច និងវិស័យ​វាយ​នភណ្ឌរ​បស់​កម្ពុជា​យើងហើយ​»។

ស្របពេលជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏បានលើកឡើងថា កម្ពុជា​មិនអាចបណ្តោយ​ឱ្យយុទ្ធ​នា​កា​រដែលគ្មានមូលដ្ឋានបច្ចេកទេស មកបំផ្លាញឱកាសការងាររបស់បងប្អូនកម្មករ​នោះទេ។ បច្ចុប្បន្ន​ប្រាក់​ឈ្នួល​អប្បបរ​មារបស់កម្ពុ​ជា​មានក​ម្រិត​ខ្ពស់​ជាង​ប្រទេសដៃគូប្រកួតប្រជែងជាច្រើនក្នុងតំបន់រួចទៅហើយ។

លោកបន្ថែមថា៖«បើចង់ពួកគាត់ចង់ជួយកម្មករពិតប្រាកដមែន ហេតុអ្វីមិនទៅជួយធ្វើយុទ្ធនាការដំឡើងប្រាក់ឈ្នួលនៅប្រទេសបង់ក្លាដេស និងស្រីលង្កាឱ្យបានខ្ពស់ប្រហាក់ប្រហែលនឹងកម្ពុជាដែរ? ការធ្វើបែបនេះទើបហៅ​ថា ការជួយប្រកបដោយសមធម៌ មិនមែនមក​បង្កើត​សម្ពាធ​តែ​លើ​កម្ពុជា ខណៈប្រទេសដទៃទៀតមានប្រាក់ឈ្នួលទាប។ បើគ្មានការសិក្សាត្រឹមត្រូវទេ យើងមានសិទ្ធិ​សង្ស័យ​លើចេត​នារបស់​ពួកគេចំ​ពោះប្រ​ទេស​ជាតិ​យើង»។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំសហជីពទាំងពីរក៏បានទាមទារឱ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនោះ បង្ហាញនូវភស្តុតា​ងនៃការសិក្សា​ស្រាវ​ជ្រាវ​ជា​ក់លាក់មួយ ដែលមានអំណះអំណាងច្បាស់លាស់ទៅលើតួលេខ ២៥០ដុល្លារដែលពួកគេបានទាមទារ។ សហជីពបានសង្កត់ធ្ងន់ថា ប្រសិន​បើការ​ទាមទារនេះធ្វើឡើងដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ និងការសិក្សាត្រឹមត្រូវទេ នោះបង្ហាញថា ពួកគេអាចនឹងមា​នចេតនា​អាក្រ​ក់ក្នុង​ការ​បង្ខូច​ប​រិយាកាសវិនិយោគនៅកម្ពុជា៕

To Top