រដ្ឋមន្រ្តីសុខាភិបាល ៖ ស្មារតីវីរកងទ័ព ពោរពេញដោយភាពក្លាហាន ឆន្ទៈមោះមុត និងស្នេហាជាតិ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់វីរកងទ័ពថា ស្មារតីវីរកងទ័ព ពោរពេញដោយភាពក្លាហាន ឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ ។

ក្នុងជំនួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូននាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន រដ្ឋមន្ត្រីក្រសួងសុខាភិបាលពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ដល់វីវកងទ័ពទាំងអស់ កំពុងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។


ក្នុងនាមក្រសួងសុខាភិបាល សាស្រ្តាចារ្យកោតសរសើរ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុតរបស់មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។ វីរភាពរបស់កងទ័ពគឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពរបស់ទាំងអស់គ្នា។
សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងថា ការចុះជួបកងទ័ពនេះ គឺជាស្មារតីរួបរួមសហការ សាមគ្គីភាពស្អិតរមួតក្នុងស្មារតី «សមរភូមិក្រោយជួយសមរភូមិមុខ»។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បន្ថែមថា នៅពីក្រោយវីរកងទ័ព មានរាជរដ្ឋាភិបាល មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានដែលតែងតែឈរនៅជាមួយពួកគាត់ យកចិត្តទុកដាក់សុខទុក្ខ និងចងចាំចំពោះការលះបង់របស់យុទ្ធជនដែលបានបំពេញភារកិច្ចការពារជាតិ។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យជាសមរភូមិក្រោយ ជាខែលការពារសុខភាពដ៏រឹងមាំ នៅឈរប្រកៀកស្មាជាមួយរបស់ កងទ័ពជានិច្ច ដើម្បីគាំទ្រផ្នែកសុខភាព សម្ភារបរិក្ខារពេទ្យ ឱសថ និងសេវាសង្គ្រោះបន្ទាន់ ដែលតែងតែថែទាំសុខភាពវីរកងទ័ពនៅគ្រប់កាលៈទេសៈ។
ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់វីរកងទ័ពយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខភាព និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃ មុនពេលបរិភោគអាហារ រក្សាទុកដាក់និងទទួលទានចំណីអាហារ មានសុត្ថិភាពល្អ បន្ទោរបង់ក្នុងបង្គន់អនាម័យ ជាពិសេសបរិភោគអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង។ ក្នុងករណីមានជំងឺ ឬបញ្ហាសុខភាពត្រូវប្រញាប់ទៅមូលដ្ឋានសុខាភិបាលដែលជិតបំផុត ដើម្បីទទួលការពិនិត្យព្យាបាលទាន់ពេលវេលា។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកគាំទ្រដល់សមរភូមិមុខ ក្រសួងសុខាភិបាល បាននាំយកអំណោយ រួមមាន ៖ ឱសថ សម្ភារៈបរិក្ខារពេទ្យ Kit សម្រាប់រុំរបួស គ្រឿងឧបភោគបរិភោគ និងថវិកាប្រើប្រាស់តាមការចាំបាច់ឆ្លើយតបនឹងតម្រូវការក្នុងជីវភាពរស់នៅរបស់កងទ័ពសមរភូមិមុខ៕



