Feature

EU ផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ១.៨លានដុល្លារ ដើម្បីគាំទ្រសកម្មភាព CMAC សហការដៃគូជាមួយ APOPO

ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) បានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពអង្គភាព CMAC សហការដៃគូជាមួយអង្គការAPOPO។

ជាក់ស្ដែង នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប, លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារ FPI និងក្រុមការងារ។

លោក អគ្គនាយក CMAC បានជម្រាបជូនគណប្រតិភូអំពីផលប៉ះពាល់ដោយសារបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសបញ្ហានេះបង្កឱ្យមានផលប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌ជាដើម។

គណប្រតិភូ EU ក៏បានទស្សនាសារមន្ទីរតេជោសន្តិភាពដុំ ដែលខ្លឹមសារ រូបភាព និងតឹងតាងមាននៅសារមន្ទីរនេះ បានបង្ហាញនូវការរំលឹកចងចាំទុក្ខសោកវិនាសកម្មនៃសង្គ្រាម និងបានូវតម្លៃមហាសាលនៃសន្តិភាព។

ជាមួយគ្នានេះ លោក Andreas Roettger បានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាព CMACសហការដៃគូជាមួយអង្គការ APOPO មានថវិកាចំនួន១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក សម្រាប់រយៈពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០១៦នេះតទៅ។ គម្រោងនេះ ត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ជំនួយនេះ អាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង ៦.០០០ហិកតា ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌផងដែរ។

លោក អគ្គនាយក CMAC ក៏បានថ្លែងអំណរគុណចំពោះការកោតសរសើរ និងការគាំទ្ររបស់សហភាពអឺរ៉ុប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយ APOPO និងសហគមន៍អឺរ៉ប ដើម្បីកម្ចាត់ភាពគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម កសាងក្តីសង្ឃឹម និងអនាគតរុងរឿងសម្រាប់ប្រជាជនខ្មែរ៕

To Top