កូរ៉េខាងជើងរាយការណ៍ពីការសាកល្បងមីស៊ីលថ្មីមួយ ដែលផលិតឡើងដើម្បីឱ្យសត្រូវឈឺក្បាល និងមិនអាចព្យាបាលបាន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារថា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវអាវុធថ្មីមួយដែលបង្ហាញពី «បច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត» កាលពីថ្ងៃអាទិត្យ។ ការបាញ់សាកល្បងនេះត្រូវបានត្រួតពិនិត្យដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដែលបានកោតសរសើរចំពោះវឌ្ឍនភាពក្នុងការបង្កើនសមត្ថភាពត្រៀមខ្លួនសម្រាប់សង្គ្រាមរបស់ប្រទេស។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា លោក គីម បាននិយាយថា ការសាកល្បងដែលធ្វើឡើងដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើងនេះ បានបង្ហាញពីការវិវត្តដ៏សំខាន់មួយនៅក្នុងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ហើយថា «សត្រូវនឹងយល់ច្បាស់ពីអត្ថន័យនៃវឌ្ឍនភាពបែបនេះ ដោយមិនចាំបាច់មានការពន្យល់អ្វីឡើយ»។
លោក គីម ត្រូវបានគេដកស្រង់សម្តីថា «ដោយលោកបានបញ្ជាក់ថា ស្ថានភាពជាក់ស្តែងបែបនេះនឹងធ្វើឱ្យសត្រូវជួបប្រទះបញ្ហាឈឺក្បាលដែលមិនអាចព្យាបាលបាន និងទទួលរងនូវការវាយប្រហារដ៏ឃោរឃៅ និងមិនអាចជៀសវាងបាន»។
យ៉ាងណាក៏ដោយ របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធដែលត្រូវបានសាកល្បងនោះទេ។
រូបថតដែលចេញផ្សាយដោយ KCNA បានបង្ហាញលោក គីម អមដោយកូនស្រីវ័យជំទង់របស់លោក កំពុងពិនិត្យមើលអេក្រង់ដែលបង្ហាញផែនទីនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស និង «គន្លងហោះហើរ» នៃមីស៊ីល Hwasongpho-11-ma-1 ដែលទំនងជាផ្នែកមួយនៃស៊េរីមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលទីក្រុងព្យុងយ៉ាងកំពុងធ្វើការកែលម្អ។
ប្រែសម្រួលៈ ណៃ តុលា
