Feature

លោក ស សុខា ៖ ៤ ចំណុច នាំឱ្យពិភពលោក មានកំណើន Online Scams

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរំលេចមូលហេតុចម្បង៤ចំណុច នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា បានរំលេចពីមូលហេតុចម្បងចំនួន៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។

បើតាមរដ្ឋមន្រ្តី មូលហេតុចម្បងនោះ រួមមាន ១-មធ្យោបាយ នៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិចមួយ , ២-ភាពចន្លោះប្រហោងនៃច្បាប់និងយុត្តាធិការរវាងប្រទេសនីមួយៗ , ៣-ការចំណាយដើមទុនតិចទទួលបានផលច្រើន និង៤-ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនងនិងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។

ប្រឈមមុខនឹងបញ្ហានេះ លោក ស សុខា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើស Online scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពី «ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាពិសេសក៏បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ដែលក្នុងនោះមានជាអាទិ៍ ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបទល្មើសនេះ ។

លោកថា ក្រសួងមហាផ្ទៃ ជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល កំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ការដាក់ចេញក្របខ័ណ្ឌច្បាប់ និងយន្តការទាំងនេះ ដើម្បីគាំទ្រនិងសម្រេច ឱ្យបានការប្តេជ្ញាចិត្តផ្នែក នយោបាយយ៉ាងម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល គឺបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងមិនឱ្យបទល្មើសនេះ កើតឡើងវិញជាថ្មី ៕

To Top