Feature

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកទៅសួរនាំ ក្រោយពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូហុងដា១គ្រឿង ពីជនរងគ្រោះម្នាក់ នៅភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃអង្គារ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលជនសង្ស័យប្រើកាំបិតកាប់ជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម អាយុ២១ឆ្នាំ ហើយប្លន់យកម៉ូតូ ហុងដាឌ្រីម ស៊េរី២០២៥ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង ២១:៥០នាទី នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ភ្លាមៗនោះលោកអធិការបានដឹកនាំកម្លាំងចុះស្រាវជ្រាវដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំងនេះបានជាបន្តបន្ទាប់ចំនួន៣នាក់នៅលើផ្លូវជាតិ៥៩ និង១នាក់ទៀតឃាត់នៅភូមិបាលិលេយ្យ២ ខណះពួកគេព្យាយាមរត់គេចខ្លួន ព្រមទាំងដកហូតម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ។ ក្រោយសួរនាំជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅឲ្យកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងនិងបន្តនីតិវិធី។

ក្រៅពីបង្ក្រាបបទល្មើសបានទាន់ពេលវេលា សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់នគរបាល យោងស្មារតីអង្គប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃអង្គារ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការឱ្យកម្លាំងពាក់ព័ន្ធទាំងអស់ បង្កើនការយាមល្បាត បង្ការ និងបង្ក្រាបបទល្មើសគ្រប់ភេទ ព្រមទាំងក្មេងទំនើងតាមមូលដ្ឋានដោយគ្មានការយោគយល់ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ពិតប្រាកដ៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top