Feature

កម្ពុជា-ចិន រួមគ្នារៀបចំ “ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន Tomorrow’s Boss” ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប និងជំរុញសហគ្រិនភាពវ័យក្មេង

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន បានរៀបចំ “ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)” ព្រមទាំងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» យ៉ាងអធិកអធម នៅរាជធានីភ្នំពេញ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ផឹង ពីន​ អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូជាន់ខ្ពស់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងយុវជន។

ក្នុងឱកាសនោះ លោក ផឹង ពីន បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជា “មិត្តដែកថែប” ដែលតែងតែរួមសុខទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ លោកបន្តថាខេត្តយូណានកំពុងបំពេញតួនាទីជាច្រកជួរមុខយ៉ាងសកម្ម ក្នុងការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សាស្រាវជ្រាវ ធ្វើនវានុវត្តន៍ និងប្រកបអាជីវកម្មរួមគ្នា។

លើសពីនេះទៅទៀត លោក កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតល្អប្រសើរបំផុត ក្នុងក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងការកសាង “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី”។

លោកបានបន្ថែមទៀតថា វិស័យព័ត៌មាន និងសោតទស្សន៍គឺជាស្ពានមេត្រីភាពយ៉ាងសំខាន់ ក្នុងនោះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទូរទស្សន៍ជាតិកម្ពុជា (TVK) ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិខេត្តយូណាន ក៏ដូចជាការបង្កើតទូដាក់សៀវភៅ “ភាពកក់ក្តៅពីភាគខាងត្បូង” នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពស្តែងឱ្យឃើញពីការចែករំលែកចំណេះដឹង និងការជួយលើកកម្ពស់វប្បធម៌នៃការអាន៕

To Top