Feature

លោក ប៉ែន បូណា ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ គ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សេចក្តីប្រកាសទីក្រុងភ្នំពេញបានគ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ និងការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។

អ្នកនាំពាក្យបន្តថា សេចក្តីប្រកាសទីក្រុងភ្នំពេញមាន១១ចំណុច ៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ , កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម , រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស , ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា , ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ , កសាងសមត្ថភាពនិងភាពធន់ , ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន , គាំពារការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ , អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ , ទប់ស្កាត់ការឆបោកនិងការជួញដូរមនុស្ស និងលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ។

លោកថា “ជារួម សេចក្តីប្រកាសនេះគ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោកធំៗនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ អង្គសន្និសីទបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និងអង្គការអន្តរជាតិចំនួន៧៕

To Top