បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១ ០០០គ្រួសារ កំពុងស្ថិតក្នុងប្រតិបត្តិការជម្លៀសខ្លួនយ៉ាងមមាញឹកចេញពីតំបន់ទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចចម្រុះ ដែលក្នុងនោះពលរដ្ឋជាង ៥០០គ្រួសារ បានមកដល់ទីទួលសុវត្ថិភាពរួចរាល់ហើយ ខណៈជាង ៥០០គ្រួសារទៀត កំពុងបន្តម្លៀសចេញជាបន្តបន្ទាប់ពេញមួយយប់នេះ។

ផ្ទះសំបែងត្រូវលិចលង់ និងការរស់នៅប្រចាំថ្ងៃត្រូវកាត់ផ្តាច់ ក្រោយពេលទឹកជំនន់បានវាយលុកចូលលោមព័ទ្ធយ៉ាងគំហុកនៅក្នុងមូលដ្ឋានសង្កាត់ផ្សាកណ្តាល សង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ដែលបង្ខំឱ្យក្រុមការងារចុះជួយសង្គ្រោះពុះពារទាំងយប់ទាំងថ្ងៃ ដើម្បីដឹកជញ្ជូនមនុស្ស និងទ្រព្យសម្បត្តិមករកទីតាំងសុវត្ថិភាព។

ទន្ទឹមគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេចនូវកន្លែងស្នាក់នៅបណ្ដោះអាសន្ន ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ សេវាព្យាបាលសុខភាព និងក្រុមសង្គ្រោះវេជ្ជសាស្ត្រ រួមជាមួយកម្លាំងចម្រុះដើម្បីប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលស្នាក់នៅទីទួលសុវត្ថិភាពឱ្យមានសន្តិសុខពិតប្រាកដ។

ឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់សាជាថ្មីថា ថ្នាក់ដឹកនាំ និងក្រុមការងារ ក្នុងនាមអាជ្ញាធរទាំងអស់ តែងតែនៅក្បែរ និងត្រៀមខ្លួនជានិច្ចដើម្បីចុះជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឱ្យប្រឈមមុខនឹងគ្រោះមហន្តរាយតែម្នាក់ឯងឡើយ៕




អត្ថបទ: ប៊ុន សំណាង/Dap News
