ព័ត៌មានជាតិ

សម្ដេចធិបតី ៖ តាមរយៈ ICCOS កម្ពុជាបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយនិងការអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។

សម្តេចធិបតី គូសបញ្ជាក់ថា «តាមរយៈសន្និសីទនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តដ៏មុតស្រួចក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមិទ្ធផលនេះ បានទទួលការអបអរសាទរ និងទទួលការគាំទ្រពីបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែលបានទទួលស្គាល់ថា ពុំទាន់មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឯកឯងឡើយ ពោលគឺ មានតែកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការគោរពដែនអធិបតេយ្យប៉ុណ្ណោះ ទើបជាដំណោះស្រាយដ៏ពិតប្រាកដនិងចីរភាព»៕

To Top