Feature

សម្តេចតេជោអះអាងជាថ្មី ធ្វើការជិតស្និទ្ធ ជាមួយប្រធានាធិបតីចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្តេជ្ញាអះអាងជាថ្មី ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីសាធារដ្ឋប្រជាមានិតចិន ។

ក្នុងសារលិខិតផ្ញើជូនអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជិនពីង ក្នុងខួបលើកទី៧៧ បង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC) សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន គ្រប់ជំនាន់ដែលតែងតែបង្ហាញ នូវចក្ខុវិស័យដ៏អស្ចារ្យ ភាពធន់ និងការប្តេជ្ញាដ៏មោះមុត ចំពោះសុខុមាលភាពប្រជាជន និងការស្តារភាពរុងរឿងរបស់ជាតិឡើងវិញ។

សម្តេចតេជោបន្តថា ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ក្នុងដំណើរជាតិដ៏អស្ចារ្យ របស់ប្រទេសចិន និងជាសក្ខីភាពនៃការប្តេជ្ញាឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងរួម នៃថ្នាក់ដឹកនាំចិន ដែលបាននាំមកនូវសន្តិភាព យូរអង្វែង វិបុលភាព និងវឌ្ឍនភាព។

ខណៈដែលកំពុងសម្លឹងទៅមុខប្រកបដោយភាពជឿជាក់ចំពោះការសម្រេចបាននូវគោលដៅសតវត្សទី១របស់ប្រទេសចិន សម្រេចបាន នូវសេចក្តីប្រាថ្នាដ៏ធំធេង ដែលមានចែងនៅក្នុងគោលដៅសតវត្សទី២ របស់ចិន សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា ប្រទេសចិន នឹងបន្តដើរតួនាទីនាំមុខក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់តំបន់ និងពិភពលោក ។

សម្តេចតេជោមានប្រសាសន៍បង្ហាញសេចក្តីរីករាយ ចំពោះមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងបន្តពង្រឹងបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ក្រោមស្មារតី នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។

ក្នុងន័យនេះផងដែរ សម្តេចតេជោអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តមប្រធានាធិបតីចិន ដើម្បីបង្កើនបន្ថែមទៀតនូវជម្រៅ និងវិសាលភាព នៃកិច្ចសហប្រតិបត្តិការ អន្តរគណបក្ស អន្តរសភា និងអន្តររដ្ឋាភិបាល ដើម្បីជាប្រយោជន៍ ដល់សហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ៕

To Top