ព័ត៌មានជាតិ

សម្តេចធិបតី ៖ បច្ចេកវិទ្យាក្លាយជាមធ្យោបាយ ជួយសម្រួលដំណើរភ្ញៀវទេសចរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បច្ចេកវិទ្យាត្រូវបានក្លាយជា មធ្យោបាយដែលជួយសម្របសម្រួល ដំណើររបស់ភ្ញៀវទេសចរ ឱ្យកាន់តែមានភាពងាយស្រួល។

ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» សម្តេចធិបតី មានប្រសាសន៍ថា ក្នុងបរិការណ៍ដែលពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ដូចជាភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បានជំរុញធ្វើឱ្យភាពធន់ សមត្ថភាពបត់បែន បានលឿន និងការត្រៀមខ្លួនឆ្លើយតបបានទាន់ពេលវេលា កាន់តែក្លាយជាកត្តាចាំបាច់សម្រាប់ការរក្សាកំណើន ប្រកបដោយចីរភាព និងឧត្តមភាពប្រកួតប្រជែងក្នុងរយៈពេលវែង ។

សម្តេចបន្ថែមថា សម្រាប់វិស័យទេសចរណ៍ ការប្រែប្រួលអាកប្បកិរិយារបស់អ្នកប្រើប្រាស់ តម្រូវការទីផ្សារ និងការវិវត្តយ៉ាង ឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍ បានបង្កើតទាំងកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមថ្មីៗ ពីព្រោះបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរខ្សែច្រវាក់បទពិសោធទេសចរណ៍ទាំងមូល ចាប់តាំងពីការស្វែងរកព័ត៌មាន ការជ្រើសរើសគោលដៅ និងការរៀបចំផែនការធ្វើដំណើរ រហូតដល់ការកក់ ការធ្វើដំណើរ ការទូទាត់ ការទទួលសេវាកម្ម និងការចែករំលែកបទពិសោធក្រោយបញ្ចប់ដំណើរទស្សនកិច្ច។

សម្តេចធិបតីសង្កត់ធ្ងន់ថា ក្នុងគោលដៅនេះ បច្ចេកវិទ្យាត្រូវបានក្លាយជា មធ្យោបាយដែលជួយសម្របសម្រួល ដំណើររបស់ភ្ញៀវទេសចរ ឱ្យកាន់តែមានភាពងាយស្រួល រលូន សុវត្ថិភាព និងប្រកបដោយគុណភាព ចាប់ពីមុនពេលមកដល់ អំឡុងពេលស្នាក់នៅ រហូតដល់ការបញ្ចប់ ដំណើរទស្សនកិច្ច ។ លើសពីនេះ បច្ចេកវិទ្យា ក៏ជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់ពង្រឹងការប្រមូលនិងការវិភាគទិន្នន័យ ការព្យាករនិន្នាការទីផ្សារ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង វិទ្យាសាស្ត្រ ព្រមទាំងការបែងចែក ធនធានឱ្យកាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ ។

សម្តេចធិបតីបញ្ជាក់ទៀតថា ទន្ទឹមនឹងកាលានុវត្តភាពនេះ បច្ចេកវិទ្យាឌីជីថលក៏បាននាំមកនូវហានិភ័យ និងបញ្ហាប្រឈមនានា ដែលគប្បីទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មានជាអាទិ៍ គម្លាតឌីជីថល សន្តិសុខសាយប័រ ការការពារទិន្នន័យ និងឯកជនភាពព័ត៌មានក្លែងក្លាយ និងការមិនមានលទ្ធភាពស្មើគ្នាក្នុងការទទួល បានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ។ ក្នុងន័យនេះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត ត្រូវផ្អែកលើគោលការណ៍ដែលផ្តោតលើមនុស្ស បរិយាបន្ន សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ៕

To Top