លោក ប៉ែន បូណា ៖ ការគិតគូរពីជីវភាពពលរដ្ឋក្រីក្រ ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានគូសបញ្ជាក់ថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។
លោកថា “គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះ ត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់” ។
អ្នកនាំពាក្យបន្ថែមថា គោលនយោបាយនេះ ត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោកសង្កត់ធ្ងន់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ នៅពេលនេះ គឺជាឧទាហរណ៍ស្រាប់។ ក្រៅពីនោះ រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង៕
