កម្ពុជា-នីហ្សេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការនិងជនជាតិនីហ្សេនៅបរទេស អំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការពង្រីកបន្ថែម នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាដៃគូជាមួយប្រទេសនីហ្សែ លើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ វប្បធម៌ និងទេសចរណ៍។

នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលដើរតួជាមូលដ្ឋានយ៉ាងរឹងមាំ សម្រាប់មិត្តភាព និងការផ្លាស់ប្តូរទស្សនកិច្ចអោយបានទៀងទាត់ថែមទៀត នាពេលខាងមុខ។
