Feature

សម្តេចតេជោ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពភរិយា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពភរិយា របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad ។

ក្នុងសារលិខិតផ្ញើជូនចំពោះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចមានសេចក្ដីក្ដុកក្ដួល និង សោកស្តាយជាពន់ពេក ដោយបានទទួលដំណឹង អំពីមរណភាពនៃភរិយាជាទីស្រឡាញ់របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali អ្នកត្រួសត្រាយផ្លូវ និងអ្នកតស៊ូមតិសុខភាពសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០០ឆ្នាំ នៅរាជធានីគូឡាឡាំពួរ ។

សម្តេចតេជោបន្តថា ក្នុងវេលាដ៏លំបាកនេះ សម្តេចចូលរួមរំលែកនូវសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅ និងសមានទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមវេជ្ជបណ្ឌិត ក្រុមគ្រួសារ ព្រមទាំងរាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីទាំងមូល ចំពោះការបាត់បង់ដ៏ធំធេង នូវអ្នកដឹកនាំឆ្នើម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានលះបង់ពេញមួយជីវិត របស់លោកជំទាវវេជ្ជបណ្ឌិត បម្រើសាធារណៈដោយបានបម្រើការងារដោយមិនអាត្មានិយមក្នុងតួនាទីជាវេជ្ជបណ្ឌិត ព្រមទាំងតស៊ូមតិដើម្បីលើកកម្ពស់សុខភាពមាតា អក្ខរកម្ម ការបង្ការការប្រើប្រាស់គ្រឿងញៀន និងសុខភាពផ្លូវចិត្ត ជាដើម។

សម្តេចតេជោបន្ថែមថា កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការលះបង់ដ៏ធំធេងរបស់លោកជំទាវវេជ្ជបណ្ឌិត បានដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើទំនើបភាវូបនីយកម្ម វិស័យគាំពារសុខភាពម៉ាឡេស៊ី ដោយបានចូលរួមចំណែកដ៏ធំធេង ដល់វឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលប្រជាជាតិម៉ាឡេស៊ី ទទួលបានរហូតបច្ចុប្បន្ន ។ លោកជំទាវវេជ្ជបណ្ឌិត និងមរតករបស់គាត់ នឹងត្រូវបានចងចាំដោយប្រជាជនជាច្រើនជំនាន់ ៕

To Top