Feature

លោក ប៉ែន បូណា ៖ មិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ និងជួយសង្គ្រោះពលរដ្ឋ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា មិនមែនជារឿងថ្មីទេ សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបការលំបាក។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ នាឱកាសនោះសម្តេចធិបតីគូសបញ្ជាក់ថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា “នេះមិនមែនជារឿងថ្មីទេសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ” ។

លោកបន្ថែមថា ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹក ក្នុងនោះមួយសន្លឹកជារូប សម្តេចធិបតី ជួបជាមួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀត ជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា តែងតែបន្តប្រពៃណី រួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បងរបស់ខ្លួនឡើយ ពោលគឺ «ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាំជួយពលរដ្ឋជានិច្ច។

អ្នកនាំពាក្យបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈផងដែរកាលពីពេលថ្មីៗនេះ ៕

To Top