លោក សុខ សូកេន ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយ អនុប្រធានក្រុមហ៊ុន វៀតតែល
វៀតណាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយ លោកវរៈសេនីយ៍ឯក Dao Xuan Vu អនុប្រធានក្រុមហ៊ុន វៀតតែល (Viettel) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងអធិការកិច្ច និងក្រុមហ៊ុន វៀតតែល នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន។

ជាកិច្ចចាប់ផ្ដើម រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះសមិទ្ធផលរីកចម្រើនជាច្រើនរបស់ Viettel ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្នុងឱកាសនោះ លោក និងគណៈប្រតិភូ ក៏បានសិក្សាស្វែងយល់អំពីប្រព័ន្ធអភិបាលកិច្ច និងការងារតាមដានការអនុវត្តច្បាប់ របស់ក្រុមហ៊ុន Viettel ដើម្បីដកស្រង់បទពិសោធ និងការអនុវត្តជាក់ស្ដែងល្អៗ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជាពិសេស ក្រុមហ៊ុនMetfone (បុត្រសម្ព័ន្ធរបស់ Viettel) ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ តាមរយៈការបង្កើតការងារ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ព្រមទាំងបានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ដោយបានលើកទឹកចិត្តឱ្យ Viettel និង Metfone ពិចារណាពង្រីកការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានសម្តែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Viettel និង Metfone នឹងបន្តធ្វើជាដៃគូសំខាន់ក្នុងការតភ្ជាប់ប្រជាជន សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងកម្ពុជា និងវៀតណាម និងបានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាពក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕





