Feature

មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកា១,៥លានដុល្លារ បង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែក

ភ្នំពេញ ៖ លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកាឱ្យបានចំនួន១,៥ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធការ «ភ្នែកល្អ ជីវិតល្អ» ដែលត្រូវបានដាក់ឈ្មោះ ដើម្បីការរៃអង្គាសប្រាក់ទៅសាងសង់អគារពិនិត្យ និងព្យាបាលជំងឺភ្នែកនៃមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៨ ខែកញ្ញា លោក សោម សម្បត្តិ លើកឡើងថា មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកាឱ្យបានចំនួន១,៥ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ខណៈអគារព្យាបាលបច្ចុប្បន្នមិនទាន់ ឆ្លើយតបទៅនឹងកុមារដែលទៅរកសេវាពិនិត្យ និងព្យាបាលនៅទីនោះ ។

លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ន មន្ទីរពេទ្យបានរៃអង្គាសប្រាក់បានប្រហែល៦០ម៉ឺនដុល្លាររួចហើយ សម្រាប់គម្រោងសាងសង់អគារនៃមជ្ឈមណ្ឌលពិនិត្យ និងព្យាបាលភ្នែកកុមារនៅកម្ពុជា គ្រាដែលផែនការអាចនឹងចាប់បុកគ្រឹះសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៧។

លោកបញ្ជាក់ទៀតថា នៅពេលការៃអង្គាសបានទឹកប្រាក់ប្រមាណខ្ទង៩០ម៉ឺនដុល្លារ នឹងអាចដំណើរការបុកគ្រឹះសាងសង់ជាបណ្ដើរៗ។ មជ្ឈមណ្ឌលនេះ អាចនឹងត្រូវសាងសង់ឱ្យរួចរាល់ និង សម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៩ ឬឆ្នាំ២០៣០។ មជ្ឈមណ្ឌលនេះ ជាការពង្រីកសេវាថែទាំភ្នែក ឯកទេសសម្រាប់កុមារ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ដែលឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើង ។

លោកវេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធានផ្នែកព្យាបាលភ្នែកនៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងដែរថា ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៥ មន្ទីរពេទ្យកុមារអង្គរ បានទទួលការពិនិត្យពិគ្រោះយោបល់ជំងឺ ភ្នែកកុមារចំនួន២១៣.៨២២ករណី, ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥ ធ្វើការវះកាត់ជំងឺភ្នែក កុមារចំនួន៤២,៥១២ករណី ខណៈការពិនិត្យភ្នែកនៅតាមសាលារៀនមានចំនួន១៤១.៤៤២ករណី និងការផ្តល់វ៉ែនតាមានចំនួន៩.៤៩៩វ៉ែនតា។ លោកថា តួលេខទាំងនេះ បានបង្ហាញពីតម្រូវការ សេវាថែទាំភ្នែក និងសារៈសំខាន់ នៃការបង្កើនកន្លែងព្យាបាលឯកទេសភ្នែកសម្រាប់កុមារ ជាពិសេសសម្រាប់ កុមារដែលត្រូវការការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកម្រិតខ្ពស់។ លោកថ្លែងថា «ជារៀងរាល់ថ្ងៃ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យកុមារអង្គរ តែងតែបដិសេធជំងឺ ដោយយើងអត់បានមើលទាំងអស់ទេ គឺមើលបានតែ៦០ភាគរយប៉ុណ្ណោះ។ នៅសល់៤០ភាគរយទៀត គឺយើងបានទុកទៅថ្ងៃបន្ទាប់ ឬក៏ថ្ងៃផ្សេង ដោយសារយើងខ្វះផ្នែកធនធាន និងអគារ ។ អ៊ីចឹង មានន័យថា ២នាក់ ក្នុងចំណោម៥នាក់ គឺត្រូវបានរុញចេញ ឬក៏ត្រូវណាត់ទៅថ្ងៃស្អែក» ។

ចំណែកលោកស្រី ហុង ដានី ជាអគ្គនាយិកាក្រុមហ៊ុន ប៉េង ហួត គ្រុប បានសន្យាជួយកៀរគរថវិកា ដើម្បីជួយលើគម្រោងសាងសង់ មជ្ឈមណ្ឌលព្យាបាលភ្នែកកុមារនៅកម្ពុជានេះ បន្ទាប់ពីលោកស្រីចូលរួមឧបត្ថម្ភថវិកា ចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា ៕

To Top