លោក សុខ សូកេន ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងហាណូយ
វៀតណាម៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឡេ មិញ ហ៊ឹង Lê Minh Hưng នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបដ៏មានអត្ថន័យនេះ លោក បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសមជាមួយ លោករដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង។

ថ្លែងនៅក្នុងឱកាសនោះ រដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីរាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោក តូ ឡឹម (To Lam) ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង លោកនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ ដែលបានខិតខំពង្រឹង និងពង្រីកចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ។
បន្ថែមពីនេះ រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងកម្ពុជា និងវៀតណាម ដែលត្រូវ បានថែរក្សា និងពង្រឹងជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីលទ្ធផលផ្លែផ្កា និងវិជ្ជមាននៃជំនួបប្រជុំទ្វេភាគីរវាង លោក និង លោក វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ។
ជាកិច្ចបញ្ចប់ លោកបានគូសបញ្ជាក់ជាថ្មីនូវការបេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យអធិការកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ៕
