គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានឧ្យដឹងថា ដំណោះស្រាយរដ្ឋពីរ (two-state solution) គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយលោកបានបញ្ជាក់ជាថ្មីថា សន្តិភាពគឺជាជម្រើសជាយុទ្ធសាស្ត្ររបស់ប្រទេសអេហ្ស៊ីប។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអេហ្ស៊ីប លោក Sisi បានលើកឡើងបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក Mostafa Madbouly សមាជិកគណៈរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងអ្នកឯកទេស នៅទីស្នាក់ការកណ្តាលបញ្ជាការយុទ្ធសាស្ត្ររដ្ឋ ក្នុងរដ្ឋធានីរដ្ឋបាលថ្មី។
លោកបានសង្កត់ធ្ងន់ថា បញ្ហាជុំវិញប្រទេសប៉ាឡេស្ទីន នៅតែជាបញ្ហាស្នូលនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយការបរាជ័យក្នុងការដោះស្រាយបញ្ហានេះ គឺជាមូលហេតុនៃអស្ថិរភាពនៅក្នុងតំបន់។
លោកក៏បានបញ្ជាក់ជាថ្មីផងដែរអំពីគោលការណ៍គោលនយោបាយការបរទេសរបស់អេហ្ស៊ីប ដែលរួមមានការគាំទ្រដល់សន្តិសុខ និងស្ថិរភាពនៃបណ្តាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ និងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកនានាស្របតាមច្បាប់អន្តរជាតិ។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅពេលដែលតំបន់នេះកំពុងបន្តប្រឈមមុខនឹងវិបត្តិ និងភាពតានតឹងនានា ខណៈដែលប្រទេសអេហ្ស៊ីបដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
