ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយអភិបាលក្រុងផ្យង់ថេក
ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ។

កិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូត បានលើកឡើងថា សហគមន៍ខ្មែរមួយចំនួន បានបំរើការងារនៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំ ពួកគេបានរៀនសូត្រពីជំនាញ បច្ចេកទេសការងារ ហើយក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកូរ៉េ ផងដែរ។

ឯកអគ្គរដ្ឋទូតសង្ឃឹមថា លោកអភិបាលក្រុងនឹងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់អាចអភិវឌ្ឍន៍ខ្លួន និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះលោកឃួន ផុនរតនៈ ក៏បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេកទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។ លោកឃួន ផុនរតនៈ ក៏បានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ ដើម្បីលើកកម្ពស់ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងផ្យង់ថេក និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់ផ្យង់ថេក ផងដែរ៕
