ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការបោះពុម្ភក្រដាសប្រាក់១០ និង៥ម៉ឺនថ្មី ដើម្បីសោភ័ណ្ឌភាព-សុវត្ថិភាព និងជំនួសប្រាក់ចាស់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបោះពុម្ភក្រដាសប្រាក់១០ម៉ឺន និង៥ម៉ឺនថ្មី ដើម្បីសោភ័ណ្ឌ ភាពសុវត្ថិភាព ការពារកុំឱ្យមានការក្លែងបន្លំ ក៏ជំនួសក្រដាសប្រាក់ចាស់ផងដែរ ។

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីសោភ័ណភាព-សុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេស ដែលអាចផ្ទៀងផ្ទាត់បាន។
សម្តេចធិបតីបន្តថា ការបញ្ចេញក្រដាសប្រាក់ថ្មីទាំងពីរប្រទេស១០ម៉ឺននិង៥ម៉ឺនរៀលនេះ ក៏ដើម្បីបំពេញបន្ថែមទៅលើក្រដាសប្រាក់ចាស់ៗដែលបានកិនកម្ទេចចោលពីខែឧសភា ដល់ខែកញ្ញា មានចំនួនសរុប ៤៣៥លានសន្លឹក ។
ជាមួយនឹងការនឹងការបោះពុម្ភក្រដាសប្រាក់១០ម៉ឺន និង៥ម៉ឺនថ្មី ត្រូវបានសម្តេចធិបតីបានប្រកាសជាសាធារណថា រដ្ឋអត់មានអស់លុយទេ គឺមានលុយគ្រប់គ្រាន់ សម្រាប់បើកប្រាក់បៀវត្សជូនមន្រ្តីរាជការ មិនដូចការលើកឡើងរបស់បុគ្គលជ្រុលនិយមមួយចំនួនបានបំផុសចលនាអាក្រក់ថា រាជរដ្ឋាភិបាលពុំមានប្រាក់គ្រប់គ្រាន់។

សម្តេចធិបតីបន្តទៀតថា “ចឹងរឿងការបោះពុម្ភលុយថ្មីនេះ គេធ្វើចរន្តហើយ មិនមែនទើបតែឥឡូវទេ ។ បានន័យថា ពេលមួយខែកិនចូល គេយក៩២លានសន្លឹកចូល គេបោះពុម្ភថ្មី បញ្ចេញ៩២លានបង្វិលចូលបង្វិលចេញ ។ អីចឹងរឿងការដោះដូរលុយនេះ វាជាចរន្តទៅហើយ ។ អ្វីជាការពន្យល់នោះ គឺមានការយកទៅបន្លាចថា រដ្ឋយើងអស់លុយហើយ រដ្ឋយើងជិតរលំហើយ ពីណាមានលុយនៅធនាគារទៅដកឱ្យអស់ទៅ” ។
ចំពោះករណីនេះ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ទៅក្រុមជ្រុលនិយមថា ប្រព័ន្ធធនាគារនៅកម្ពុជា ដំណើរការជាធម្មតា ពុំមានបញ្ហាអ្វីឡើយ ។ ដូច្នេះប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះការបោះពុម្ភក្រដាស ប្រាក់រៀលថ្មីទាំងពីរប្រភេទនេះ ព្រោះរដ្ឋអត់មានអស់លុយនោះទេ ។

សម្តេចធិបតីបញ្ជាក់ទៀតថា ចំពោះការបញ្ចេញក្រដាសប្រាក់ថ្មីនេះ ក៏ជំនួសប្រាក់ចាស់ទាំងពីរប្រភេទ ដែលគិតមកទល់ពេលនេះមានអាយុកាលប្រមាណជាជាង១០ឆ្នាំមកហើយ ៕

To Top