ព័ត៌មានជាតិ

សម្តេចធិបតី ៖ ពលរដ្ឋកម្ពុជា មិនទាន់មានអ្នកស្លាប់ ដោយគ្រោះទឹកជំនន់ទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ទេ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ផ្តាំផ្ញើទៅកងកម្លាំង ប្រដាប់គ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ដែលមានគ្រោះទឹកជំនន់ត្រូវយកអាយុជីវិតរបស់ប្រជាពលរដ្ឋជាធំ ក្នុងការជួយសង្គ្រោះជីវិតមុនគេ បន្ទាប់មកទ្រព្យសម្បត្តិ។

សម្តេចធិបតីបញ្ជាក់ថា “កងកម្លាំងបានជួយជម្លៀសពលរដ្ឋបានទាន់ពេលវេលា យើងអត់ទាន់ទាន់ពលរដ្ឋស្លាប់ដោយទឹកជំនន់ទេ ។ មិនត្រឹមតែជួយទេ ប៉ុន្តែការពារទាំងផ្ទះរបស់ពលរដ្ឋទៀត សូមអាជ្ញាធរគ្រប់កន្លែងជួយ មិនត្រឹមតែជម្លៀសទេ ជីវិតប្រជាពលរដ្ឋជាធំ បន្ទាប់មកទ្រព្យសម្បត្តិ ប៉ុន្តែជីវិតមុនគេ”។
សម្តេចធិបតីសង្កត់ធ្ងន់ថា បើសិនជាខ្វះកម្លាំងជួយអន្តរាគមន៍ពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវលើកសំណើមកកាន់សម្តេចដើម្បីសម្តេចបានចាត់កងកម្លាំងពីថ្នាក់ជាតិចុះទៅជួយថ្នាក់ខេត្ត។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះ ក្រោយពីទឹកជំនន់ស្រកចុះ ហេដ្ឋារចនាសម្ព័ន្ធនានានឹងអាចស្តារច្រើនពិសេសខាងប្រព័ន្ធធារាសាស្រ្តជាដើម ៕

To Top