Feature

អ្នកជំនាញ៖ ការដំឡើងប្រាក់ឈ្នួលសមរម្យនឹងជួយរក្សាការប្រកួតប្រជែង បង្កើនឱកាសការងារ និងការវិនិយោគ

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការកំណត់ប្រាក់​ឈ្នួល​អប្បបរ​មាក្នុង​កម្រិត​សម​ស្រ​ប នឹង​ជួយ​ឱ្យកម្ពុជា​បន្តរ​ក្សាបាននូវសម​ត្ថភាពប្រកួតប្រជែ​ង​ក្នុង​តំបន់ ខណៈដែល​ការរ​ក្សាតុល្យ​ភាព​រវាង​ប្រាក់​ចំណូល​កម្មករ និងសមត្ថ​ភាព​ប្រកួ​ត​ប្រជែ​ងរបស់​សហគ្រាស ក៏មានសារៈសំខាន់សម្រាប់ការរក្សាការងារ និងទាក់ទាញការវិនិយោគផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្រិត​ប្រាក់ឈ្នួល​ដែល​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាពសេដ្ឋកិច្ច និងបរិបទប្រកួតប្រជែងរបស់កម្ពុជានាពេលបច្ចុប្បន្ន អាចជួយរក្សាសមតុល្យរវាងការលើកកម្ពស់ជីវភាពកម្មករ និងការ​រក្សា​ភាព​ទាក់​ទាញរបស់កម្ពុជាចំពោះវិនិយោគិន។

លោកបណ្ឌិតបន្តថា ប្រសិនបើថ្លៃដើមផលិតកម្ម រួមទាំងថ្លៃពលកម្ម កើនឡើងខ្ពស់ពេក អាចបង្កើនសម្ពាធលើសហគ្រាស និងធ្វើឱ្យការប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសផលិតផ្សេងៗក្នុងតំបន់កាន់តែមានភាពលំបាក។ ដូច្នេះ ការកំណត់ប្រាក់ឈ្នួលត្រូវពិចារណាទាំងស្ថានភាពកម្មករ ស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគ។

លោកបណ្ឌិតបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួលដែលយើងឃើញថា ក្នុងរង្វង់ ២១២ដុល្លារនេះ ខ្ញុំយល់ថា វាមានលក្ខណៈសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចសកលលោកបច្ចុប្បន្ន ក៏ដូចជាប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរ យើងមើលឃើញថា ប្រាក់ឈ្នួលនេះវាសាកសមល្មមទប់ទល់ជាមួយការដណ្ដើមយកឈ្នះនៅក្នុងសកលលោក។

«ប្រសិនបើប្រាក់ឈ្នួលយើងខ្ពស់ពេក យើងប្រឈមនឹងការបាត់បង់អ្នកវិនិយោគនៅក្នុងស្រុកយើងដែរ ហើយស្ថានភាពបែបនេះ គឺជាស្ថាន​ភាព​មួយ​ដ៏លំបាករបស់សកលលោក។ ប្រទេសដែលជាអ្នកផលិតនីមួយៗ តែងតែដណ្ដើមទីផ្សារ ដណ្ដើមអ្នកវិនិយោគគ្នាទៅវិញទៅមក ដើម្បី​បង្កើត​ការ​ងារ​ក្នុង​ស្រុក​របស់​ពួក​គេ។ អ៊ីចឹង​វាបានជួ​យ​ទប់ក្នុងការប្រកួត​ប្រជែង​មួយ​ផង​ដែរ»។ នេះ​បើតាម​លោក​បណ្ឌិតបានបញ្ជាក់បន្ថែម។

ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា នៅក្នុងបរិបទ​ដែលប្រទេស​ក្នុង​តំបន់កំពុងប្រកួតប្រជែងគ្នាទាក់ទាញវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្ម កម្ពុជាត្រូវបន្តរក្សា​បាននូវបរិយា​កាសវិនិយោគ​ដែលមាន​ភាព​ទាក់​ទាញ និងមានស្ថិរភាព។ ការដំឡើងប្រាក់ឈ្នួលប្រកប​ដោយការពិចារណាលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង នឹងអាចជួយរក្សាតុល្យភាពនេះ និង​បន្ត​បង្កើត​ឱកា​សការងារសម្រាប់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា៖«កម្ពុជាកំពុងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទាំងផ្នែកប្រាក់ឈ្នួល ផលិតភាព និងបរិយា​កាសវិនិយោគ។ ដូច្នេះ​ការ​ដំឡើង​ប្រាក់ឈ្នួលក្នុងកម្រិតសមស្រប នឹងជួយរក្សាតុល្យភាពរវាងជីវភាពកម្មករ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បី​បន្ត​ទាក់​ទាញការវិនិយោគ និងបង្កើតការងារ»។

សូមបញ្ជាក់ថា ​ប្រា​ក់ឈ្នួ​លអប្ប​ប​រមារបស់កម្មករនិយោជិតកើន​ដល់ ២១២ដុល្លារ​ក្នុង​មួយ​ខែ ដោយ​នឹងចូលជា​ធរមានចា​​ប់ពី​ថ្ងៃទី០១ ​ខែមករា ឆ្នាំ​២០២៧។ បូករួម​ទាំង​ប្រាក់​​ឈ្នួល​​គោល កម្មក​រ​និយោ​​ជិត​ក៏មា​ន​អត្ថ​ប្រ​យោ​ជ​ន៍ និង​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្សេងៗ​​តាម​​លក្ខ​ខណ្ឌ​​ដែល​មាន​ចែង​​ក្នុងរង្វាង់ ២៣១.៥​ដុល្លារ​ក្នុង​មួយ​ខែផងដែរ៕

To Top