ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារនាំយកស្បៀងសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា «ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល» ព្រមទាំងមានការណែនាំពី ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ស សុខា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារសង្គ្រោះបន្ទាន់ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២០ គ្រួសារ ដល់ខ្នងផ្ទះផ្ទាល់ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្នុងបេសកកម្មនេះ គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន អង្ករ ១០គីឡូក្រាម, ទឹកYeo’s ១កេស, ទឹកសុទ្ធ ២យួរ, ឃីត ១ថង់ និងសារុង ១ ដើម្បីសម្រាលទុក្ខលំបាកចំពោះមុខ។
ការចុះអន្តរាគមន៍ភ្លាមៗនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការសហការជិតស្និទ្ធរវាងយុវជន ស.ស.យ.ក. ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី «ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់» របស់កម្លាំងយុវជនកម្ពុជា ក្នុងការរួមសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រាអាសន្ន។ ការរួបរួមគ្នារវាងក្រុមការងារ ស.ស.យ.ក. និងអាជ្ញាធរមូលដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងស្តារស្ថានការណ៍ទឹកជំនន់ឱ្យត្រឡប់មកប្រក្រតីភាពវិញក្នុងពេលឆាប់ៗ។




អត្ថបទ: ប៊ុន សំណាង/DapNews
