នគរបាលខេត្តបន្ទាយមានជ័យ ចុះជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ លើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងជន់លិចខ្លាំង
បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនសេនាធិការ បានចុះជួយអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីជំនន់ទឹកភ្លៀង និងទឹកស្ទឹងបានហក់ឡើងលិចដងផ្លូវធ្ងន់ធ្ងរ បង្កឲ្យមានការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរ។

ប្រតិបត្តិការនេះ អនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជាច្រើនត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ និងបានឈរជើងជួយសម្រួលចរាចរណ៍ដល់យានយន្តគ្រប់ប្រភេទដែលឆ្លងកាត់ទឹកជំនន់ ដើម្បីបង្ការគ្រោះថ្នាក់ និងចៀសវាងការកកស្ទះ នៅលើកំណាត់ផ្លូវជាតិដែលកំពុងលិចលង់ខ្លាំង។

បច្ចុប្បន្ន កម្លាំងនគរបាល បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តប្រចាំការនៅចំណុចប្រឈម ដើម្បីជួយសម្រួលពលរដ្ឋរហូតដល់ទឹកថយចុះវិញ ព្រមទាំងបានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំ ដើម្បីសុវត្ថិភាពជាចម្បង៕


អត្ថបទ: ប៊ុន សំណាង/DapNews
