លោក ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាត្តជូនលោកស្រី Stefania Dina ប្រធានផ្នែកវិស័យកសិកម្ម, ស្បៀងអាហា, ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាឱកាសនេះ លោករដ្ឋមន្ត្រី បានជម្រាបជូន ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណា សម្រេចឱ្យបាន នូវចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ តាមរយៈការកំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្នសមធម៌និងចីរភាពទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌” ដោយបានកំណត់កម្មវិធីអាទិភាពចំនួន៥ ធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង ៥ នេះក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបាននូវសមិទ្ធិផលជាច្រើន ដោយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រទាក់ក្រឡា មានការផ្លាស់ប្តូរឥរិយាបទ ក្នុងការរស់នៅ និងការបង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែម។ សមិទ្ធិផលទាំងនោះក៏មានការចូលរួមចំណែកពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ជាដៃគូដ៏ជិតស្និតមួយរបស់ក្រសួងផងដែរ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបន្តលើកឡើង អំពីកិច្ចសហប្រតិបត្តិការជាមួយ ADB នាពេលកន្លងមកដោយចាប់គិតពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជាហិរញ្ញប្បទាន លើកាស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានប្រមាណ ៣០០០ គីឡូម៉ែត្រ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ជាជំនួយ បច្ចេកសហការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីផ្លូវជនបទ និងផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគន៍របស់លោករដ្ឋមន្ត្រីរួចមក លោកស្រី Stefania Dina បានធ្វើការកោតសសើរ ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះលោកស្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់លោករដ្ឋមន្ត្រី ដោយលោកស្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លង។
លោកស្រី ក៏សម្តែងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសក្រៅពីការជួយ លើកម្មវិធីអទិភាពរបស់ក្រសួង ADB អាចផ្តល់ជាជំនួយបច្ចេកទេសផ្សេងទៀត តាមការស្នើសូមរបស់ក្រសួងផងដែរ។
មុននិងបញ្ចប់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះលោកស្រី និងសហការី ដែលបានអញ្ជើញមកនាពេលនេះ។
លោលរដ្ឋមន្ត្រី ក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រី តំណាងធនាគារអភិវឌ្ឍន៍អាសុី ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត ៕
