ព័ត៌មានជាតិ

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ កម្ពុជា-អាស៊ែបៃហ្សង់ បានប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

ជាក់ស្ដែងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចធិបតី បានគូសរំលេចអំពីការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្ត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៤។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ 

សម្ដេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ 

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល៕

To Top