Feature

តំណាងកម្ពុជានៅUN ជំរុញ UNHCR ជួយឱ្យជនភៀសសឹក ជាង២ម៉ឺននាក់ ឆាប់វិលទៅលំនៅឋាន

ភ្នំពេញ ៖ លោក កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ(UN) បានជំរុញឱ្យអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR)  ជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាជនភៀសសឹកកម្ពុជា ដែលនៅសល់ជាង២ម៉ឺននាក់ ឆាប់វិលត្រឡប់ទៅកាន់លំនៅឋានវិញ ។

ការលើកឡើងរបស់លោក កែវ សុវណ្ណ នេះ ក្នុងកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការ ប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។

លោក កែវ សុវណ្ណបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួន នៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន ។

លោកសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីកម្ពុជា និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយផ្ទុយនឹងគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យ UNHCR ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានា របស់មហាសន្និបាតអង្គការ សហប្រជាជាតិ និង ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបទៅនឹង តម្រូវការផ្នែកការការពារ និងមនុស្សធម៌របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ជាពិសេសការវិល ត្រឡប់របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ទៅកាន់លំនៅឋាន របស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ៕

To Top